កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / ម្ហូបអាហារ / Author : ATH Sokren
ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលរួមទស្សនារហូតដល់ ៣៥ ម៉ឺននាក់ ក្នុងរយៈបីថ្ងៃ ដែលក្នុងនោះមានការអញ្ជើញចូលរួមពីភ្ញៀវទេសចរអន្តរជាតិសរុបជាង ១០០០ នាក់ផងដែរ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
យោងតាមក្រសួងទេសចរណ៍ ពិធីបុណ្យទន្លេនេះមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។
បន្ទាប់ពីសន្ទរកថា បើកកម្មវិធីផ្លូវការនៃពិធីបុណ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលក្នុងស្រុកជាច្រើនបន្តជាប់គ្នា ដែលក្នុងនោះប្រមុខរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលនឹងទស្សនាស្តង់ផលិតផលក្រុមហ៊ុនខនហ្វីរេល ហើយបើតាមការបញ្ជាក់ពីអ្នកស្រី ឆន វណ្ណា ប្រធានផ្នែកផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលដែលមានវត្តមានដោយផ្ទាល់នៅទីនោះ បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានស្គាល់យ៉ាងច្បាស់នូវផលិតផលខនហ្វីរេល ជាពិសេសគឺស្រាទឹកត្នោត Mékong Crément ដែលសម្តេចតែងតែឱ្យជំនួយការទិញយកទៅប្រើប្រាស់ក្នុងពិធីទទួលភ្ញៀវបរទេស ហើយពួកគេតែងតែសរសេរថា វាមានរសជាតិឆ្ងាញ់។
បើតាមតាមការគ្រោងទុកក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ នៅលើទឹកដីខេត្តពោធិ៍សាត់៕